Thursday, August 14, 2008

សូមរីករាយជាមួយការអាន!

រឿងទូរស័ព្ទខ្មោចលង!​សរសេរដោយៈ​សួន​សោភា​


[...] កំពុង​អង្គុយ​និយាយ​គ្នា ជាមួយបងខ្ញុំសុខៗ ​ស្រាប់តែសំឡេងទូរស័ព្ទរោទិ៍ឡើង ។ ខ្ញុំរត់ទៅទទួលទូរស័ព្ទ… ស្របពេលរត់ទៅជិតដល់កន្លែងដាក់បញ្ចូលថ្ម​​ទូរស័ព្ទហើយ ស្រាប់តែភ្លើង​ដាច់ងងឹត​ឈឹង ។ ខ្ញុំបើកភ្នែកធំៗ ព្រោះ​ផ្ទៃ​បន្ទប់​ទាំង​មូល​​ពោរពេញ​ទៅ​ដោយភាពខ្មៅងងឹត គឺមានតែភ្លើងទូរស័ព្ទ ដែលកំពុងរោទិ៍​​នៅ​ឆ្ងាយ​​ពី​ដៃ​របស់​ខ្ញុំ​តែ​​ប៉ុណ្ណោះ ។ ក្រោយ​ពី​ដឹង​ថា​ភ្លើង​ដាច់​ ខ្ញុំ​មាន​អារម្មណ៍​ថា​ទូរស័ព្ទ​របស់​ខ្ញុំ​ ដូច​ជា​ចម្លែក​​ខុស​ពី​ថ្ងៃ​ធម្មតា ។ វា​រោទិ៍​រហូត​អត់​ដាច់​សោះ…!
បន្ទាប់ពីគិតចប់ ខ្ញុំមាន​អារម្មណ៍ថា អ្វី​ដែល​ខ្ញុំ​ខ្លាច​នោះ​បាននឹង​ចូល​មក​ដល់​ហើយ … ម៉ែអើយម៉ែ! ព្រឺឆ្អឹង​ខ្នង​ណាស់ ម៉ែអើយ! បន្តិចក្រោយមក ពេល​ខ្ញុំដើរ ទៅ ដល់ កន្លែងបញ្ចូលថ្ម​ទូរស័ព្ទនោះ ទូរស័ព្ទ​របស់ខ្ញុំក៏ឈប់រោទិ៍ តែ ខ្ញុំ មិន បាន លើក វា មើល ទេ ព្រោះវាងងឹតចាក់ភ្នែកមិនធ្លុះ។ ខ្ញុំប្រុង នឹងដើរចេញ មក អង្គុយ និយាយ បន្ត ទៀត ស្រាប់តែសំឡេងទូរស័ព្ទរបស់ខ្ញុំ បានរោទិ៍ម្តងទៀត។ ពេលនេះហើយ ជា ពេល ដែល ធ្វើអោយខ្ញុំលោះ​ព្រលឹងអស់រលីង ព្រោះសំឡេ​ងទូរស័ព្ទរបស់ខ្ញុំ ឮ​យ៉ាង ចម្លែក ណាស់ គឺចំលែកខុសពីថ្ងៃធម្មតា… មិនដឹងថាមូលហេតុអី្វទេ? បទចម្រៀងដែល នៅ ក្នុង ទូរស័ព្ទរបស់ខ្ញុំបានដូរ… តែអ្វីដែលគួរអោយរន្ធត់នោះ គឺបទនៅក្នុងទូរស័ព្ទ របស់ខ្ញុំ នេះ ជាបទដង្ហែរខ្មោច​ទៅវិញ? ពេលនោះខ្ញុំសម្រេ​ចចិត្តនឹងទទួលទូរស័ព្ទមកនិយាយ តែអ្វីដែលគួរអោយព្រឺទៅទៀតនោះ គឺមានដៃមួយចាប់ដៃរបស់ខ្ញុំជាប់។
ខ្ញុំខំប្រឹងយ៉ាងណា ក៏មិនអាចដកដៃចេញ ពីដៃដ៏សែន​ចម្លែក​នោះ​បាន​ដែរ ។​ តែខ្ញុំ​ឆ្ងល់​ណាស់! គឺឆ្ងល់ត្រង់ថា បើ​វា​ជា​ដៃ​របស់​បង​ស្រី​​របស់​​​ខ្ញុំ ហេតុអីបានជាមិនឃើញខ្លួនរបស់​គាត់ ម៉េច​ក៏​ឃើញតែដៃ​ទទេ​បែប​នេះ ?
គិត​មកដល់ត្រឹមនេះ ស្រាប់តែខ្ញុំមានអារម្មណ៍ថាមិនស្រួលទេ…. ខ្ញុំខំស្រែកអោយបងខ្ញុំ ជួយ តែ គាត់បែរជាខ្លាចជាងខ្ញុំទៅទៀត! ដោយធ្វើយ៉ាងណា ក៏មិនអាចដកដៃរបស់ខ្ញុំ ចេញពីដៃនេះបាន ខ្ញុំបានសំរេចចិត្តសួរទៅថា៖
«តើអ្នកចង់បានអ្វីពីខ្ញុំ? ហើយមានការអី ម្តេចមិនឆាប់និយាយមក?»
«ទេ! ខ្ញុំមិនចង់បានអ្វីពីឯងទេ! តែខ្ញុំ​មកនេះ គឺចង់អោយឯងជួយ យកសាកសព របស់ ខ្ញុំ ចេញ ពី​ផ្នូរ​ ហើយយកមកសំអាតឲ្យ​ផង ព្រោះវាកខ្វក់ណាស់…»
ក្រោយពីបានឮ​ដូច្នេះ ខ្ញុំក៏ដួលសន្លប់លែង​ដឹងខ្លួន តាំង​ពី​ពេល​នោះ​ទៅ​។…
ពេលខ្ញុំដឹងខ្លួនឡើង ​វិញ​ ខ្ញុំ​មា​នការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​ខ្ញុំ​ឃើញ​ ឪពុក​ម្តាយ​និង​សាច់​ញាតិ​របស់​ខ្ញុំ​ នាំ​គ្នា​មក​អង្គុយ​ទ្រហោ​យំ​គ្រប់ៗ​គ្នា​។
« ហេតុអីបានជាអ្នកទាំងអស់គ្នា នាំគ្នាយំយ៉ាងនេះ? នរណាគេកើតអីមែន​ទេ​ម៉ាក់?​» ខ្ញុំសួរ​ទៅម្តាយ​ដោយ​ងឿង​ឆ្ងល់​។
«កូនឯងហ្នឹងហើយ! ប៉ាម៉ាក់ស្មានថា កូនទៅចោលប៉ាម៉ាក់​ហើយតើ!​… ដឹង​ទេ​ថា​កូន​សន្លប់​ពីរ​យប់​ពីរ​ថ្ងៃ​ហើយ !?»
«ពីរ​យប់​ពីរ​ថ្ងៃ ?!!!…» ខ្ញុំ​ឧទាន​ ដោយ​ភ្ញាក់​ផ្អើល​ ហើយ​នឹក​ភ្នក​ទៅ​ដល់​រឿង​ ដែល បាន​កើត​ឡើង​ពី​រ​ថ្ងៃ​មុន​។
«ទេ! កូនអត់អីទេ! កុំព្រួយអី…» ខ្ញុំ ​និយាយ​កម្លា​ចិត្ត​ ហើយ​ឱន​ទៅ​ឱប​ម្តាយ​ ដើម្បី​បំ​បាត់​ភាព​ភ័យ​ខ្លាច​ ដែល​កំ​ពុង​ដិត​ជាប់​នៅ​ក្នុង​អារម្មណ៍​នៅ​ឡើយ​។ អ្នក​ម៉ាក់​យក​ដៃ​អង្អែល​សក់​ខ្ញុំ​ថ្នមៗ​ ដោយ​ក្តី​ស្រឡាញ់​ និង​ហួង​ហែង​។ ខ្ញុំ​ដកដង្ហើម​ធំ​ នឹង​រឿង​ដែល​បាន​ជួប​ប្រទះ​ នៅ​យប់​នោះ​ ហើយ​បន្តិច​ក្រោយ​មក​ ខ្ញុំ​ក្រឡេក​ទៅ​មើល​រូប​ថត​ធំ​មួយ​របស់​ខ្ញុំ​ ដែល​ព្យួរ​នៅ​លើ​ជញ្ជាំង​ក្បែរ​នោះ​។ រំ​ពេច​នោះ​ស្រាប់​តែ​លេច​ចេញ​រូប​ភាព​ ខ្មោច​នោះ​បក់​ដៃ​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​គេ ! ពេលនោះខ្ញុំស្រែកឡើងយ៉ាងខ្លាំង! រហូត​តាំង​សតិ​លែង​បាន​។
« ទេ! ទេ!… ចេញ​ទៅ !… ចេញ​ទៅ !… ម៉ាក់​ជួយ​កូន​ផង !… ម៉ាក់! គេ​មក​យក​កូន​ទៅ​ហើយ!!!»ដោយដឹងថាអារម្មណ៍របស់ខ្ញុំ នៅរវើរវាយនៅ​ឡើយ​ អ្នកម៉ាក់បានឲ្យ​បងប្អូនខ្ញុំ ដេក កំដរ ខ្ញុំ មួយយប់ទល់ភ្លឺ ដោយខ្លាចរឿងនោះកើតមកលើខ្ញុំម្តងទៀត។
ប៉ុន្មានថ្ងៃ ក្រោយ​មក ខ្ញុំមានអារម្មណ៍ថា ​គ្រាន់បើជាងមុន ដោយបាន ដើរកំសាន្ត ខ្លះៗ នៅតាម សួនច្បារ។ តែខ្ញុំនៅតែមានការភ័យខ្លាច ព្រោះទូរស័ព្ទនៅក្នុងហោប៉ៅ​របស់ខ្ញុំ មិនដឹងថា​ វា​នឹង​រោទិ៍ឡើងពេលណាទៀតទេ? នេះជាលើកទីមួយរបស់​ខ្ញុំ​ហើយ​ ដែលបានជួបប្រទះនឹងរឿង ដ៏គួរអោយភ័យខ្លាចបំផុត៕
និពន្ធ​ដោយ​៖ សួន សោភា(ស្រីភា)កែសម្រួលដោយ៖ អាចម៍ផ្កាយ

No comments: